ពិធីប្រកាសតែងតាំងទទួលស្គាល់សមាសភាព ក្រុមការងារកាកបាទក្រហមកម្ពុជា តាមមន្ទីរ អង្គភាព គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង និងក្រុមកាកបាទក្រហម កម្ពុជា ទាំង ៧ សង្កាត់
នាថ្ងៃ ចន្ទ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកម្មារសាខា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមកាកបាទក្រហមកម្ពុជា តាមមន្ទីរ អង្គភាព ចំនួន ១០១ នាក់ គណៈកិត្តិយស គណៈកម្មាធិការអនុសាខា ក្រុងស្វាយរៀង ២៧ នាក់ និងក្រុមកាកបាទក្រហមសង្កាត់ទាំង ៧ ចំនួន ២១ នាក់ សរុប ចំនួន ១៤៩ អង្គនាក់ ស្រី ៤៨ នាក់ ដែលពិធីនេះប្រារព្ធធ្វើនៅទីស្នាក់ការសាខា ។
បន្ទាប់ពីលោក សរ វណ្ណា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាព ក្រុមកាកបាទក្រហមតាមមន្ទីរ អង្គភាព គណៈកិត្តិយស គណៈកម្មាធិការអនុសាខាក្រុង ក្រុមកាកបាទក្រហមសង្តាត់រួចមក លោក ជួន ចាន់ឬិទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុង មានចំណាប់អារម្មណ៍ និងបានផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់ដែលទើបតែប្រកាសទទួលស្គាល់ថ្មី ត្រូវខិតខំប្រឹងប្រែងលើការងារមនុស្សធម៌ ដើម្បីផលប្រយោជន៍ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវមនោសញ្ចេតនាដ៍កក់ក្តៅចំពោះ លោក លោកស្រី តាមមន្ទីរ អង្គភាពនានា និងគណៈអភិបាលក្រុង ស្ថាប័ននានាជុំវិញក្រុង និងក្រុមប្រឹក្សាសង្កាត់ មានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅមូលដ្ឋានដើម្បីជាសេនាធិការ ឱ្យសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៍បានគូសបញ្ជាក់អំពីកត្តាសំខាន់សម្រាប់សាខា អនុសាខា ក្រុមកាកបាទក្រហមសង្កាត់ ដើម្បីអនុវត្តឱ្យបានសមស្របតាមយន្តការ នៃការដឹកនាំការគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្ត នៃវិស័យអាទិភាព របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ទៅលើការលើកកម្ពស់មូលដ្ឋានគ្រឹះ សមត្ថភាពជំនាញ និងការបំរើការងារដើម្បីធានាបាននូវកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជា្ញធរសាធារណៈនោះត្រូវយកចិត្តទុកដាក់នៅចំណុចសំខាន់ៗគឺ៖
- បន្តចូលរួមលើកកម្ពស់ឧត្តមគតិមនុស្សធម៌ធ្វើការផ្លាស់ប្តូរមុខមាត់របស់សហគមន៍ លើកជ្រោងវប្បធម៌ សន្តិភាព អហឹង្សា លុបបំបាត់ការរើសអើងគ្រប់ប្រភេទ ។
- កសាងសមត្ថភាពសហគមន៍ ពង្រឹងរចនាសម្ព័ន្ធ និងបណ្តាញដែលពាក់ព័ន្ធ បណ្តុះវប្បធម៌ស្ម័គ្រចិត្ត បង្កើនបំណិនជីវិត លើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមធម៌យេនឌ័រនៅក្នុងសហគមន៍ ។
- ការលើកកម្ពស់បន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ បេ្តជ្ញាដោះស្រាយផលវិបាកនានាដែលកើតមានឡើង ចូលរួមឱ្យបានកាន់តែសកម្មក្នុងការត្រៀមបង្ការ ការឆ្លើយតប ការស្តារឡើងវិញ លើកកម្ពស់ជីវភាព ការរស់នៅរបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនានា នៅក្នុងគោលដៅរួមរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែង ក្នុងអាណត្តិកន្លងមក និងបន្តអាណត្តិទី ៦ នៃគណៈកម្មាធិការសាខា និងអាណត្តិទី ៧ នៃគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ។ បន្ទាប់ពីបញ្ចប់ពិធីប្រកាសនេះ សមាសភាពទាំងអស់ក៍បានចូលរួមទទួលការផ្សព្វផ្សាយចំណេះដឹង និងដើម្បីជាសក្ខីភាពបញ្ជាក់អំពីអត្ថន័យសកម្មភាពមនុស្សធម៌ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពចម្រុះវិស័យ នៃកាកបាទក្រហមកម្ពុជា ផងដែរ ។
































































No comments:
Post a Comment